អត្ថបទសាកល្បង៖ កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ប្រចាំ​ត្រីមាស​បានធ្លាក់​មកនៅ​៦,១%​ក្នុង១ឆ្នាំ​
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 2  ខែDecember ឆ្នាំ2018
ម៉ោង 08:06
Please follow and like us:

សន្ទុះកំណើនសេដ្ឋកិច្ចឥណ្ឌានៅត្រីមាសទី៤ឆ្នាំ២០១១បានស្គាល់ការថយស្រុតចុះ ធ្លាក់មកនៅ៦,១%ក្នុងមួយឆ្នាំ ដែលខុសពីការគ្រោងទុកថា អាចមានដល់ទៅ៦,៣%។ នេះពិតជាអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសដ៏សែនទាបសម្រាប់ប្រទេសឥណ្ឌាបើគិតតាំងពីត្រីមាសទី២ឆ្នាំ២០០៩មក។


តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុដែលនាំឲ្យអត្រានៃកំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចទីបីអាស៊ីមួយនេះធ្លាក់ស្រុតចុះបែបនេះមានច្រើន៖
ទី១- បណ្តាលមកពីនយោបាយប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណាដែលនាំឲ្យធនាគារកណ្តាលឥណ្ឌាធ្វើការដំឡើងអត្រាការប្រាក់នាំមុខជាច្រើនលើក។
ទី២- ការធ្លាក់បាត់បង់ទំនុកចិត្តកក់ក្តៅរបស់វិនិយោគិននិងអតិថិជន។
ទី៣- រដ្ឋាភិបាលឥណ្ឌានៅគាំងបាត់បង់សកម្មភាពនិងគំនិតផ្តួចផ្តើមរបស់ខ្លួន ដោយហេតុតែវិបត្តិសេដ្ឋកិច្ចពិភពលោក។

ការប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាអតិផរណាដែលជាអាទិភាពចម្បងរបស់រដ្ឋាភិបាលបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចប្រទេសឥណ្ឌាដែលមានប្រជាជន១ ២០០លាននាក់រស់នៅ។ ហើយដើម្បីធ្វើការទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃដែលមានដល់ទៅ១០% ធនាគារកណ្តាលឥណ្ឌាបានធ្វើការដំឡើងអត្រាការប្រាក់នាំមុខដល់ទៅ១៣លើក បើគិតតាំងពីខែមីនាឆ្នាំ២០១០មក។

ប្រទេសឥណ្ឌាដែលបានស្គាល់សន្ទុះកំណើនសេដ្ឋកិច្ចប្រមាណ៨,៥%នៅឆ្នាំ២០១០-២០១១ សង្ឃឹមថានឹងអាចសម្រេចបាន៩%នៅឆ្នាំ២០១១-២០១២ ឥឡូវនេះបានបន្ថយមហិច្ឆតារបស់ខ្លួនមកនៅត្រឹម៧%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០១១-២០១២។

ទោះបីជាប្រទេសលោកខាងលិចមើលឃើញអត្រានៃកំណើនសេដ្ឋកិច្ចឥណ្ឌាហាក់បីដូចជាមានសភាពខ្ពស់គួរឲ្យចង់បានក្តី សម្រាប់រដ្ឋាភិបាលឥណ្ឌាវិញ អត្រានៃកំណើនសេដ្ឋកិច្ចនេះនៅមានលក្ខណៈតិចទាបពេកសម្រាប់ជួយប្រយុទ្ធប្រឆាំង ហើយនិងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកប្រមុខរដ្ឋាភិបាលឥណ្ឌា Manmohan Singh យល់ថា ប្រទេសឥណ្ឌាត្រូវមានសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងតិច១០%ក្នុងមួយឆ្នាំៗ ទើបអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឥណ្ឌារាប់រយលាននាក់បានដោយប្រសិទ្ធិភាព៕

ដកស្រង់ពី http://www.khmer.rfi.fr

Please follow and like us: