នាយករងនាយកដ្ឋានកងវិស្វកម្ម ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវាយតម្លៃ ស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយ ក្រុងកំពត​
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 30  ខែJuly ឆ្នាំ2020
ម៉ោង 11:40
Please follow and like us:

ខេត្តកំពត៖ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ និងឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រសួងការពារជាតិ

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត​ ខេត្តកំពត(ស្ពានឥន្ធនូរ)​។គោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត និងកងវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញចុះនាពេលនេះ គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ ដែលបច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ​ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានដាក់សំណូមពរដល់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង សូមស្នើឱ្យមានការជំរុញពន្លឿនសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះឲ្យបានឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ។

ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់ថា ស្ពានថ្មីនេះ ក្រោយពីបានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីរួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង បានសន្យាជំរុញចំពោះការឆ្លើយតបសំណើនិងសំណូមពររបស់ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត ដោយបានបញ្ជាក់ថា ធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស៕

Please follow and like us: