ឃាត់ខ្លួន​ជនជាតិចិនម្នាក់ ករណីលួចមានស្ថានទម្ងន់​ទោស (ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់) យក​លុយចំនួន៦០០០ដុល្លារ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 6  ខែAugust ឆ្នាំ2020
ម៉ោង 06:18
Please follow and like us:

ខេត្តព្រះសីហនុ៖ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាប់​ឃាត់​ខ្លួន​ពាក់ពន្ធ័​ករណី​លួចមានស្ថានទម្ងន់ទោស (ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់) យកលុយចំនួន ៦០​០០ដុល្លារ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុង សង្កាត់ លេខ​៤ ក្រុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន​​ឲ្យដឹង​ថា ជនសង្ស័យមា​នឈ្មោះ ស៊ី ម៉ូហៃ ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរមិ​នពិត​ប្រាកដ និងស្នាក់​នៅមិនពិត​ប្រាកដ។ចំ​ណែកជនរងគ្រោះមា​នឈ្មោះ ហ័ង ជី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មុខរ​បរបុគ្គលិក​សណ្ឋាគា​រផ្នែកម៉ាស្សា។

លោកឧត្តមសេនីយ៍ស្នងការបន្តថា ក្រោយ​ពីឃាត់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខ​សមត្ថ​កិច្ច​ថា កាល ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិត​ជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យ ទៅម៉ាស្សា​នៅ សណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយ​កកាំបិតចុងស្រួចភ្ជង់គំរាមប្លន់​យកលុយចំនួន ៦០០០ដុល្លារ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរៀបចំកសាង​សុំណុំរឿង​ចាត់ការតាមនីតិវិធី៕

Please follow and like us: