រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកអង្គរជ័យ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 8  ខែAugust ឆ្នាំ2020
ម៉ោង 08:00
Please follow and like us:

ខេត្តកំពត៖ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្តែង កូនកង្កែប និងចំណី សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជូនប្រជាកសិករចំនួន៥០គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនខេត្តកំពតថា សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ដល់ជីវភាពប្រជាកសិករជានិច្ច ចំពោះវិស័យវារីវប្បកម្មនេះត្រូវបានទទួល ការលើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោចំនួន ២០០០លានរៀល ក្នុងឆន្ទ:ចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់គ្រួសារបងស្រី សែត ធី ដែលជាវារីវប្បករគំរូនៅទូទាំងស្រុកអង្គរជ័យនេះថា៖បងស្រីបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០៦ លើផ្ទៃដី២ហត ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរកសិកម្ម និងរដ្ឋបាលជលផល បងស្រីបានពង្រីកមុខរបរនេះជាបណ្តើរៗ រហូតមកទល់បច្ចុប្បន្នមានស្រះចិញ្ចឹម១៥ស្រះ ស្រះមេពូជ៣ មានលទ្ធភាពផលិតកូនត្រីគ្រប់ប្រភេទបានចំនួន១លានកូន និងត្រីសាច់បានជាង៤តោន/ឆ្នាំ។អាជីពនេះ គិតជាមធ្យមបានចំណូល៩០លានរៀល/ឆ្នាំ ដកថ្លៃដើមរួចនៅសល់ជាង៥០លានរៀល/ឆ្នាំ។

ជាមួយគ្នានោះឯកឧត្តម វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋគួរតែចូលរួមចិញ្ចឹមត្រី ក្នុងខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើតមុខរបរ និងរកចំណូលមកផ្គត់ផ្គង់គ្រួសារ ជៀសវាងធ្វើចំណាកស្រុក។

ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចែកសម្ភារៈជូនប្រជាកសិករ ក្នុង១គ្រួសារ ទទួលបាន៖ចំណីត្រី៤បាវ ថ្នាំវីតាមីន ៣កញ្ចប់ កូនត្រីអណ្តែង៧០០ក្បាល តង់បាស្ទិចចំនួន១ និងថវិកា ២ម៉ឺនរៀលផងដែរ៕

Please follow and like us: