មន្ត្រីប៉េអឹម ស្រុកអន្លង់វែងផ្ទុះរឿងអាស្រូវថា ដៃម្ខាងជួញដៃម្ខាងចាប់បទល្មើស នឹងជាអ្នកកាងពលករខ្មែរចូលកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 27  ខែNovember ឆ្នាំ2020
ម៉ោង 03:13
Please follow and like us:

ខេត្តឧត្តរមានជ័យ៖
មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឈ្មោះ យ៉ុង គីមម៉េង មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង យកអំណាចជាសមត្ថកិច្ច ទៅការពារបទល្មើសព្រៃឈើខុសច្បាប់ នឹងជាអ្នកបង្ក្រាបបទល្មើសផងដែរ ដូចពាក្យចាស់ពោលថាដៃម្ខាងជួញដៃម្ខាងចាប់។
ប្រភពពីសមត្ថកិច្ចនិងឈ្មួញរកស៊ីនៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា ឈ្មោះ យ៉ុង គីមម៉េង ធ្លាប់ជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូប ដែលជ្រកក្រោមអំណាចស្បែកមន្ត្រីកងរាជអាវុធហត្ថជាយូរឆ្នាំមកហើយ រហូតដល់បច្ចុប្បន្នមន្ត្រីរូបនេះ នៅតែបន្ត មុខរបរចាស់ដដែលមិនព្រមថមថយឡើយ ថែមទាំងជាអ្នកកាងពីក្រោយពលរដ្ឋខ្មែរដែលឆ្លងចូលប្រទេសថៃកាប់ឈើខុសច្បាប់ផងដែរ ដើម្បីយកឈើមកលក់អោយខ្លួន។
ប្រភពបន្តអោយដឹងទៀតថាសព្វថ្ងៃ ឈ្មួញរូបនេះ នៅតែបន្តគៀងគរពលរដ្ឋខ្មែរអោយឆ្លងដែនដដែលបើសិនជាប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួននោះទេ ច្បាស់ជាលោកមន្ត្រី ធ្វើសកម្មភាពបង្ក្រាបដោយ មិនលើកលែងឡើយ។
ប្រជាពលរដ្ឋចង់ឃើញចំណាត់ការ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណកម្មការបង្ក្រាបបទល្មើសព្រៃឈើទូរទាំងប្រទេស បង្ក្រាបឈ្មួញព្រៃឈើខាងលើអោយខានតែបាន ពិសេសបំផុតនោះគឺឈ្មួញដែលជាសមត្ថកិច្ចតែម្តង។

សូមជម្រាបផងដែរថាលោក យ៉ុង គីមម៉េង មានប្អូនបង្កើតម្នាក់ទៀតឈ្មោះ យ៉ុង គីមហេងហៅ( ទី) គេសង្កេតឃើញថាបុគ្គលរូបនេះ ប្រើប្រាស់កាតអ្នកកាសែតផងដែរ តែងតែបើកបរ ប្រដេញចាប់បទល្មើសព្រៃឈើយ៉ាង អនាធិបតេយ្យបំផុត ធ្វើអោយប្រជាពលរដ្ឋ មានការខ្លាចរអារជាខ្លាំង និងឈ្មោះ យ៉ុង គីមហេងនេះខ្លាំងណាស់ ព្រោះគាត់មានបងជាមន្ត្រីអាវុធហត្ថនៅពីក្រោយខ្នង បានគៀបសង្កត់លើប្រជាពលរដ្ឋរកស៊ីតូចតាច និងជាពិសេសរថយន្តដឹកឈើសប្បិកម្មកែច្នៃ។

តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង កំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ពណ៌ខ្មៅពាក់ស្លាក់លេខ ខម ០៤៦៦។ ហើយកន្លងមកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់។

គ្រប់មជ្ឈដ្ឋានក្នុងខេត្តឧត្តរមានជ័យ កុំពុងរងចាំមើលថាតើ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គិតយ៉ាងណា? ក្រោយពីបានឃើញបែកធ្លាយឃ្លីប (វីដេអូនេះ) ?៕
ចំពោះព័ត៍មានខាងលើនេះសារព័ត៍មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកយ៉ុង គឹមម៉េង និងលោកយ៉ុង គឹមហេងបានទេ សារព័ត៍មានយើងខ្ញុំនឹងរង់ចាំបកស្រាយបំភ្លឺជូនលោកទាំងពីរនៅលេខក្រោយសូមអរគុណ!

Please follow and like us: